ប្រធានក្រុមប្រឹក្សាខេត្តកែប បានជំរុញប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យចេះ ថែទាំសុខភាព និងខំប្រឹងបង្កបង្កើនផល

(ខេត្តកែប)៖ លោកប្រធានក្រុមប្រឹក្សា ខេត្តកែបមានប្រសាសន៍ លើកទឹកចិត្តពលរដ្ឋក្នុង មូលដ្ឋានដែល កំពុងមានការខ្វះខាត កុំឲ្យអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើន ផលដាំដំណាំរួមផ្សំ ដើម្បីជួយសម្រួល ជីវភាពប្រចាំថ្ងៃឲ្យ បានកាន់តែប្រសើរ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេសត្រូវចេះការពារ ខ្លួនពីជំងឺកូវិដ១៩ ហើយស្របពេលរដូវភ្លៀង ចាប់ផ្តើមធ្លាក់ផងនោះ ពលរដ្ឋទាំងអស់ត្រូវ ខិតខំព្យាយាម ពង្រឹងការងារដាំដុះ កុំទុកដីឲ្យនៅទំនេរ។

នេះជាកាផ្តាំផ្ញើ របស់លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋងាយរង គ្រោះចំនួន៥០គ្រួសារ នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ដោយពិធីនោះ ក៏មានការអញ្ជើញចូល រួមពីសំណាក់ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកែប លោក ងួន ច័ន្ទសុជាតា សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានសហភាព សហព័ន្ទយុវជនកម្ពុជា(ស ស យ ក)ខេត្តកែប ព្រមទាំងអស់លោក ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត យុវជន​ (ស ស យ ក) អភិបាល អភិបាលរង ស្រុកដំណាក់ចង្អើរ និងអាជ្ញាធរមូលដ្ឋាន។

លោក សំ សារីន បានលើកឡើងទៀតថា តាំងពីដើមរៀងមកនិង បច្ចុប្បន្នបើទោះបី កម្ពុជាទាំងមូល ក៏ដូចជាខេត្តកែប កំពុងស្ថិតនៅក្នុង ស្ថានភាពនៃការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ក្តី ថ្នាក់ដឹកនាំខេត្តគ្រប់ លំដាប់ថ្នាក់ នៅតែបន្តយកចិត្តទុក្ខ ដាក់ជាប់ជានិច្ចដល់ ប្រជាពលរដ្ឋដែលជួប បញ្ហាខ្វះខាតក្នុងជីវភាព។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលក៏ បាននឹងកំពុងរៀប ចំផែនការ ដើម្បីជួយសង្គ្រោះ ស្ថានភាព គ្រួសារក្រីក្រនៅ ទូទាំងប្រទេសជា ជំហ៊ានៗផងដែរ។ ដោយឡែកចំពោះ ប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាត (មានប័ណ្ណក្រីក្រ) តែពេលនេះពួកគាត់​មាន ជីវភាពប្រសើរឡើងវិញ គាប់ជួនពេលនេះ ប្រជាពលរដ្ឋខ្លះមាន ទីលំនៅសមរម្យ មានជីវភាពធូរធាទៅហើយ ដូច្នេះត្រូវតែសុំដក យកប័ណ្ណសធម៌មកនោះវិញ ព្រោះពេលនេះ ពលរដ្ឋខាងលើ លែងខ្វះខាតដូច មុនទៀតហើយ។

លោកបានបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តី ក្នុងនាមជាប្រធា ក្រុមប្រឹក្សាខេត្ត លោកសូមលើកទឹកចិត្ត និងជំរុញដល់ពល រដ្ឋទាំងអស់ ត្រូវគិតគូររឿងសុខ ភាពជាសំខាន់ និងត្រូវបន្តអនុវត្ត វិធានការនានា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។

ទន្ទឹមគ្នានេះ ស្របពេលរដូវ វស្សាវចូលមកដល់ ភ្លៀងចាប់ផ្តើមធ្លាក់ ប្រជាពលរដ្ឋក៏ត្រូវ ខិតខំប្រឹងប្រែង ប្រកបរបរដាំដុះឲ្យបានកាន់តែប្រសើរ ជាងរាល់ឆ្នាំ ព្រោះមានតែវិស័យកសិកម្មទេ ដែលអាចជួយជ្រោមជ្រែង ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋបាន នៅក្នុងអំឡុងពេលនៃ វិបត្តិសាកលនៃជំងឺកូវីដ១៩នេះ។

សូមជម្រាបផងដែរថា បើតាមប្រសាសន៍របស់ លោក ងួន ច័ន្ទសុជាតា បានឲ្យដឹងថា សម្ភារ: ស្បៀងអាហារ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាទាំងនេះ គឺជាការឧបត្ថម្ភពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានផ្តល់តាមរយៈ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ទកម្ពុជា(ស ស យ ក) ហើយបន្តផ្តល់ជូន មកសហភាព សហព័ន្ទកម្ពុជាគ្រប់បណ្តាខេត្ត នៅទូទាំងប្រទេស សម្រាប់បន្តទៅចែក ជូនប្រជាពលរដ្ឋដែលកំពុង មានការខ្វះខាតក្នុងអំឡុង ពេលការរាតត្បាតជំងឺកូវីដ ១៩ ហើយសម្ភារ: ស្បៀងអាហារដែលត្រូវ ចែកជូនប្រជាពលរដ្ឋ ទាំង៥០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ១៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៦កំប៉ុង ទឹកស៊ីអ៊ីវ ២ដប សាប៊ូ២ដុំ និងថវិកាមួយចំនួន។​​

បន្ទាប់មក គណៈអធិបតី និងសហការី ព្រមទាំងក្រុមការងារ ក៏បានបន្តដំណើរ ទៅសូរសុខទុក្ខ​​ លោកមេភូមិអង្កោល ដែលមានជំងឺប្រចាំ កាយកំពុងសម្រាក ព្យាបាលនៅផ្ទះ ដោយបានឧបត្ថម្ភ នូវទឹកដោះគោឆៅចំនួន២ឡូ និងថវិកាចំនួន ២០០.០០០រៀល ព្រមទាំងបានឧបត្ថម្ភអង្ករ ដល់ជនពិការ១បាវ ផងដែរ៕  ដោយលោក សេង ណារិទ្ធ