រដ្ឋបាលខេត្តកំពតនឹង ស្តារព្រែកកំពង់បាយ ដើម្បីកែលម្អសោភ័ណភាព និង បញ្ចៀសទឹក ជំនន់លិចក្រុងកំពត

(ខេត្តកំពត)៖ ដើម្បីកែលម្អ សោភ័ណភាព  និង បញ្ចៀសទឹកជំនន់ លិចក្រុងកំពត នារដូវវស្សាក្នុង ឆ្នាំនេះ រដ្ឋបាលខេត្តកំពត បានចាត់វិធាន ការពីចម្ងាយ ដោយបង្កើតជា គណៈកម្មការគ្រប់គ្រង និងស្តារព្រែកកំពង់បាយ  ហើយបើតាម ប្រសាសន៍របស់ លោកអភិបាលខេត្តកំពតថា គណៈកម្មការមួយនេះ បាននឹងកំពុងស្វែង រកក្រុមហ៊ុនឯកជន ដើម្បីបូមខ្សាច់ស្តារ ព្រែកកំពង់បាយឲ្យ បានលឿនបំផុត។ ចំណែកការរៀបចំលម្អ សោភ័ណភាព នឹងធ្វើឲ្យហើយ នៅមុនថ្ងៃបុណ្យ ឆ្លងឆ្នាំសកលខាងមុខ។

ថ្លែងកិច្ចប្រជុំចង្អៀត ស្ដីពីការរៀបចំកិច្ច ការងាររបស់គណៈកម្ម ការគ្រប់គ្រង និងស្ដារព្រែក កំពង់បាយ កាលពីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្នតាមបណ្ដោយ ព្រែកកំពង់បាយ កន្លែងខ្លះទឹកបានហូរនាំ យកខ្សាច់មកចាក់ គរជាគំនរ បណ្តាលឲ្យចំណុច នោះមានទឹករាក់ ធ្វើឲ្យទូកទេសចរណ៍ ក៏ដូចជាទូកនេសាទមិន អាចឆ្លងកាត់បាន,  ចំណែកកន្លែងខ្លះទៀត គ្មានរបៀបរៀបរយ ល្អនៅឡើយទេ កន្លែងខ្លះធ្វើរោងចូល ទៅក្នុងទឹក កន្លែងខ្លះចាក់ខ្សាច់លយចូល ទៅក្នុងព្រែកជាដើម ខណៈដែលទឹកក ខ្វក់មួយចំនួន ក៏ត្រូវបានបង្ហូរចូល ទៅក្នុងព្រែកកំពង់បាយផងដែរ។

ដោយមើលឃើញអំពី ចំណុចអវិជ្ជមានទាំងនេះ  និងដើម្បីបញ្ចៀសបញ្ហា ទឹកជំនន់លិចក្រុងនៅ រដូវវស្សាផង ទើបរដ្ឋបាលខេត្តកំពត បានបង្កើតគណៈ កម្មការគ្រប់គ្រង និងស្តារព្រែកកំពង់ បាយឡើង ដើម្បីស្តារព្រែក បញ្ចៀសទឹកជំនន់ផង និងរៀបចំកែលម្អ សោភ័ណភាពព្រែក និងក្រុងឲ្យមានភាពទាក់ ទាញបន្ថែមទៀត។

លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហានៅចំពោះមុខក្នុងពេល នេះគឺធ្វើយ៉ាងណាបូម ខ្សាច់ចេញពីពោះ ព្រែកកំពង់បាយ ត្រង់ចំណុចណាទឹក បានហូរនាំយកខ្សាច់មក ចាក់គរបណ្តាលឲ្យទឹករាក់ ឬកន្លែងណាដែលពលរដ្ឋចាក់ ខ្សាច់ហូរចូលទៅក្នុងព្រែក។

តាមរយៈកិច្ចប្រជុំនារសៀលនោះ គណ:កម្មការគ្រប់គ្រង និងស្តារព្រែកកំពង់បាយ នឹងធ្វើការពិភាក្សាជាមួយ មន្ទីរជំនាញ  ពាក់ព័ន្ធដែលជាសមាជិក ដើម្បីស្វែងរកក្រុមហ៊ុន ឯកជនមកបូមខ្សាច់ ចេញពីពោះព្រែកកំពង់បាយ។

ក្នុងកិច្ចប្រជុំនោះដែរ  ក្រៅពីមានគម្រោងស្ដារ ព្រែកកំពង់បាយ  រដ្ឋបាលខេត្តក៏គ្រោង នឹងកែលំអសោភ័ណភាព តាមដងព្រែកឲ្យបាន កាន់តែល្អប្រសើរ ប្រកបដោយអនាម័យ បរិស្ថាន ធានាបានសុខមាលភាពសាធារណៈ ពិសេសសម្រាប់ទាក់ ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្ត នៅខេត្តកំពតឲ្យ បានកាន់តែច្រើន ឡើងថែមទៀត។

ចំពោះការងាររៀបចំខាងលើ នឹងត្រូវធ្វើឲ្យបានរួចរាល់ នៅដំណាច់ចុងឆ្នាំ២០២០ ខាងមុខនេះ  ពិសេសសម្រាប់ ត្រៀមការប្រារព្ធពិ ធីបុណ្យឆ្លងឆ្នាំ សកលដែលនឹងមក ដល់នាពេលខាងមុខ៕ ដោយលោក សេង ណារិទ្ធ