ពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើជាអធិបតីភាព ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលក្រុងកែប ដោយពិធីនេះក៏មាន ការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ គ្រប់សង្កាត់ និងអាជ្ញាធរក្រុងកែប ប្រមាណ៧០រូប។

មានប្រសាសន៍ ក្នុងពិធីប្រកាសចូល កាន់មុខតំណែងនេះ លោក សោម ពិសិដ្ឋ បានស្នើដល់គណៈអភិបាលក្រុងកែប និងកងកម្លាំង គ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃ ជំងឺCOVID-19 នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្ត បានបន្តថា អាជ្ញាធរក្រុង ត្រូវធ្វើការគ្រប់គ្រងស្ថិតិ ប្រជាពលរដ្ឋដែលទើប ត្រលប់មកពីប្រទេសថៃ និងប្រទេសដ៏ទៃផ្សេងទៀត ដែលទើបបានត្រលប់ មកក្នុងមូលដ្ឋានក្រុង របស់ខ្លួនឲ្យ បានច្បាស់លាស់។

លោកថាបានបន្ថែមថា ក្នុងករណីមានប្រជា ពលរដ្ឋដែលទើបមក ពីប្រទេសផ្សេងក្នុងមូល ដ្ឋានរបស់ខ្លួន ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះ និងត្រូវធ្វើការណែនាំដល់ ពួកគាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល។

ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់  លើសពីនេះឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមធ្វើអនាម័យ ជាប្រចាំ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួង សុខាភិបាលឲ្យ បានត្រឹមត្រូវ។

លោកបានបញ្ជាក់ផងដែរថា ចំពោះការផ្ទេរភារកិច្ច លោក គិន សុភក្រ្ត័ និង លោក លេង សុខុម ពីអភិបាលរង ស្រុកដំណាក់ចង្អើរ ទៅកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលក្រុងកែប គឺអនុវត្តទៅតាមខ្លឹម សារប្រកាសស្តីពីការ ផ្ទេរភារកិច្ចមន្រ្តីរាជការ របស់ក្រសួងមហាផ្ទៃ លេខ ២៨០២ប្រ.ក. ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ហើយការផ្លាស់ប្តូរ កន្លែងធ្វើការនេះ មិនមានន័យថា លោកទាំង០២រូបនេះ មានកំហុសឆ្គងផ្នែករដ្ឋបាលទេ គឺត្រូវដល់អាណត្តិ ដែលច្បាប់កណត់ ។​

លោកបានបន្ថែមថា​ ព្រឹកនេះ យើងប្រកាសផ្ទេរភារកិច្ច មន្រ្តីនៅរដ្ឋបាលក្រុងកែប នៅពេលរសៀលថ្ងៃដដែល យើងនឹងបន្តរៀបចំនៅ សាលាស្រុកដំណាក់ចង្អើរ ដោយប្រកាសផ្ទេរភារកិច្ច លោក ឆាង ឆៃ និងលោក វិន សុវង្ស ពីអភិបាលរង នៃគណៈ អភិបាលក្រុងកែប ទៅកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាល ស្រុកដំណាក់ចង្អើរជំនួសវិញ។

ចុងបញ្ចប់ លោកបានផ្ដាំផ្ញើ ដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តបន្តរឹត បន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ ធ្នាប់សាធារណៈ កែលម្អសោភ័ណភាព សង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់ លើការផ្ដល់សេវាសាធារណៈ តាមរយៈច្រកចេញចូល តែមួយ(ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព) និងធ្វើការលាងសម្អាត អនាម័យសម្លាប់មេរោគ ជូនបងប្អូនដែល មកទទួលសេវា ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីត្រៀមទទួល ការផ្ទេរមុខងារពីថ្នាក់លើ ដោយត្រូវជំរុញការ អនុវត្តមុខងារ ទៅតាមរចនាសម្ព័ន្ធថ្មី៕ ដោយលោក សេង ណារិទ្ធ