អភិបាលខេត្តកំពតចុះ ត្រួតពិនិត្យគម្រោង អភិវឌ្ឍន៍២កន្លែងក្នុង ស្រុកទឹកឈូ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត  ថ្នាក់ដឹកជុំវិញខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួត ពិនិត្យគម្រោង អភិវឌ្ឍន៍ពីរកន្លែង គឺគម្រោង អភិវឌ្ឍន៍តំបន់ ទេសចរណ៍ធម្មជាតិ របស់វិស័យឯកជន  និងគម្រោងហេដ្ឋា រចនាសម្ព័ន្ធ ស្តារប្រឡាយទឹក និងសាងសង់ផ្លូវ បេតុងពីរខ្សែរបស់ រដ្ឋបាលខេត្ត ដែលស្ថិតនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត។

គម្រោងទាំងពីរនោះរួមមាន គម្រោងវិនិយោគ អភិវឌ្ឍន៍លើវិស័យ ទេសចរណ៍ធម្មជាតិ របស់លោក ខាត់ ប៊ុណ្ណា  នៅលើកោះនិស្ស័យ ដែលមានទំហំផ្ទៃ ដីប្រមាណ១៧ហិកតា ស្ថិតនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ នឹងបង្កើតឲ្យមាន ជាសួនកម្សាន្ត អាហារដ្ឋាន ខ្ចុះអង្គុយមាត់ព្រែក ស្ពានគយគន់ ទេសភាពថ្ងៃលិច ទូកទេសចរណ៍ និងសេវាទេសចរណ៍ មួយចំនួនទៀត ហើយបើតាមគម្រោង  រំពឹងថានឹងអាច បើកដំណើរការទទួល ភ្ញៀវទេសចរនៅ ឆ្នាំ២០២១ខាងមុខ។

ចំណែកគម្រោងទី២. គឺការស្តាប្រព័ន្ធ ប្រឡាយទឹក និងសាងសង់ផ្លូវបេតុង ពីរខ្សែរបស់រដ្ឋបាលខេត្ត  ស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ (ជាតំបន់ជាប់ក្រុងកំពត)។

ក្នុងដំណើរចុះពិនិត្យ លោក ជាវ តាយ អភិបាលខេត្តកំពត បានកោតសរសើរ ចំពោះគម្រោងអភិវឌ្ឍន៍ វិស័យទេចរណ៍មួយនេះ និងថាវាពិតបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការបង្កើន សក្ដានុពលវិស័យ ទេសចរណ៍ក្នុងខេត្ត ឲ្យកាន់តែសម្បូរបែប។

លើសពីនេះ គម្រោងអភិវឌ្ឍន៍តំបន់ ទេសចរណ៍ធម្មជាតិនេះ ក៏នឹងអាចធ្វើឱ្យមាន កំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារ បង្កើនប្រាក់ចំណូល ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាក្នុងខេត្ត កំពតទាំងមូល កាន់តែប្រសើរឡើង។

ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត ក៏បានណែនាំដល់ ម្ចាស់វិនិយោគគម្រោង មន្ត្រីជំនាញ និងអាជ្ញា ធរពាក់ព័ន្ធត្រូវ ធ្វើយ៉ាងណា៖ទី១. ការអភិវឌ្ឍន៍ មិនឲ្យប៉ះពាល់ដល់ ប្រយោជន៍ប្រជាពលរដ្ឋ ដែលរស់នៅក្បែទីតាំង, ទី២.ការរៀបចំការ អភិវឌ្ឍន៍ទាំងអស់ ត្រូវធ្វើទៅតាមលក្ខណៈ បច្ចេកទេស ធានាបាននូវ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ចៀសផុតពីហានី ភ័យផ្សេងៗ ពិសេសបញ្ហាទឹក ជំនន់នៅពេល បើកទ្វារទឹករំដោះទឹក របស់ទំនប់វាស អគ្គីនីកំចាយ។

ដោយឡែកសម្រាប់គម្រោង ស្តារប្រព័ន្ធប្រឡាយទឹក ជាកិច្ចការងារសំខាន់មួយ ដើម្បីរំដោះទឹកចេញពី ក្រុងកំពតផង និងដើម្បីអាចសាងសង់ ផ្លូវបេតុងពីរខ្សែ ដែលខ្សែទី១ តភ្ជាប់ពីផ្លូវជាតិលេខ៣ ស្របតាមផ្លូវរថភ្លើង និងខ្សែទី២ តភ្ជាប់ពីផ្លូវជាតិលេខ៣ កាត់តាមប្រឡាយទឹក ហើយបន្តទៅ តភ្ជាប់ជាមួយ ផ្លូវបេតុងខ្សែទី១ ដែលស្ថិតនៅក្នុង ភូមិត្រពាំងធំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត៕ ដោយលោក សេង ណារិទ្ធ