កិច្ចប្រជុំផ្សព្វផ្សាយខ្លឹម សារសេចក្តីណែនាំលេខ ១៦២២ សជណ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយពីខ្លឹម សារសេចក្តីណែនាំលេខ ១៦២២សជណ របស់ក្រសួងមហាផ្ទៃ ស្តីពី ការពង្រឹងការគ្រប់គ្រង ការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តកែប ដែលមានការចូលរួម  ដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការ ស្នងការកង កម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយិកាទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត សរុបប្រមាណ៥០រូប។

ថ្លែងក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយនេះ លោក សោម​ ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ តាមគោលការណ៍ រដ្ឋបាលឯកភាព រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបានធ្វើ សមាហរណកម្មកា រិយាល័យជំនាញនានា របស់ក្រសួងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធ គ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌរួចរាល់អស់ហើយ។

លោកបានបញ្ជាក់ទៀតថា ក្នុងបរិបទថ្មីនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងការងារ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យកាន់តែមាន ប្រសិទ្ធភាពស្រប តាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន យើងត្រូវតែកំណត់រាល់ លិខិតរដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុកដែលត្រូវទំនាក់ ទំនងជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដទៃទៀត ព្រមទាំងស្ថាប័នមិនមែនរដ្ឋ ត្រូវចុះហត្ថលេខា ដោយថ្នាក់ដឹកនាំ ឬអ្នកប្រគល់សិទ្ធ នៃរដ្ឋបាល ក្រុង ស្រុក ប្រើប្រាស់ត្រា  និងចុះលេខលិខិត របស់រដ្ឋបាលក្រុង ស្រុកសាមីនីមួយៗ។

ហើយចំពោះការផ្តល់សេវា អភិបាលក្រុង ស្រុក ត្រូវកំណត់ក្របខណ្ឌពេល វេលាជាក់លាក់សម្រាប់ ការពិនិត្យ សម្រេច និងចុះហត្ថលេខា លើឯកសារពាក់ព័ន្ធ នឹងប្រភេទសេវានីមួយៗ ដែលត្រូវផ្តល់ ជូនប្រជាពលរដ្ឋ និងត្រូវអនុវត្តតាម ក្របខណ្ឌពេលវេលា ដែលបានកំណត់ ឱ្យបានម៉ឺងម៉ាត់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ៗ ទៅលើលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកស្រីដែល ជាអភិបាលក្រុងស្រុកថា ត្រូវតែអនុវត្តន៍តួនាទី ភារកិច្ចឲ្យបានត្រឹម ត្រូវតាមការ ណែនាំរបស់ថ្នាក់ជាតិ ព្រមទាំងជម្រុញការ ផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សបំផុត៕ ដោយលោក សេង ណារិទ្ធ